ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង សាកលវិទ្យាល័យបាត់ដំបង​ និង វិទ្យាស្ថានគរុកោសល្យបាត់ដំបង

On Monday, March 11th, 2019 in MOU. No Comments

សាកលវិទ្យាល័យបាត់ដំបង និង វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងជាតំណាងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងគណៈអធិបតី ជាសមាជិក សមាជិកានៃក្រុមប្រឹក្សាបច្ចេកទេសនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងផងដែរ ។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោកជុំ សុផល នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងមន្រ្តីរាជការជាច្រើនរូបទៀតបានចូលរួមជាសាក្សីនៅក្នុងពិធីនេះ។

កម្មវិធីចុះអនុស្សរណៈនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

អនុស្សរណៈនេះ បានរៀបចំឡើងតាមគំនិតផ្តួចផ្តើម និងមគ្គុទេសក៍របស់ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចែករំលែកបទពិសោធន៍ការងារគ្រប់គ្រង និងការងារបច្ចេកទេសអប់រំបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សារវាងគ្រឹះស្ថានអប់រំឧត្តមសិក្សាទាំងពីរក្នុងទឹកដីខេត្តបាត់ដំបង។

ពិធីចុះអនុស្សរណៈក៏មានគោលបំណង ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍វិទ្យាស្ថានគរុកោសល្យបាត់ដំបង ឲ្យស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សាក្នុងការផ្តល់ការបណ្តុះបណ្តាលគរុសិស្ស ១២+២ និងគរុនិស្សិត ១២+៤ ឲ្យក្លាយជាគ្រូបង្រៀនប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ និងមនសិកាជាតិខ្ពស់។

អង្គភាពទាំងពីរនេះបានយល់ព្រមលើកិច្ចសហប្រតិបត្តិការលើសកម្មភាព សំខាន់ៗចំនួន៧ចំណុចរួមមាន៖

១. ការរៀបចំកម្មវិធីស្រាវជ្រាវរួមគ្នានានា ទាក់ទងនឹងវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តអនុវត្ត

២. កម្មវិធីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបុគ្គលិកទាក់ទងនឹងការវាយតម្លៃអប់រំ និងការធានាគុណភាពផ្ទៃក្នុង

៣. ការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសលើការអប់រំកសិកម្មក្នុងជំនាញក្សេត្រសាស្រ្ត និងសាកវប្បកម្ម

៤. ការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសលើបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន

៥. ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសលើផ្នែកគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ

៦. ពង្រឹងការកសាងសមត្ថភាពបុគ្គលិក និងការអភិវឌ្ឍវិជ្ជាជីវៈស្ដីពីការអប់រំស្តែម (STEM) រួមមាន
រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ផែនដីវិទ្យា និងគណិតវិទ្យា

៧. ការផ្លាស់ប្ដូរបុគ្គលិក (គរុនិស្សិត និស្សិត អនុរក្សប្រឡង បុគ្គលិករដ្ឋបាល និងបុគ្គលិកសិក្សា)

សូមគូសបញ្ជាក់ដែរថា អនុស្សរណៈយោគយល់នេះ មានសុពលភាពរយៈពេល ៥ ឆ្នាំគិតចាប់ពីថ្ងៃចុះហត្ថលេខា។

ថ្នាក់ដឹកនាំនៃគ្រឹះស្ថានអប់រំឧត្តមសិក្សាទាំងពីរបាន ប្តេជ្ញាចិត្តថានឹងខិតខំ ធ្វើអោយសម្រេច នូវកិច្ច ព្រម ព្រៀងនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលធនធានមនុស្ស នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្នុងអណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា៕


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ