ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់នៃសាកលវិទ្យាល័យបាត់ដំបង

On Monday, September 28th, 2020 in Ceremony. No Comments

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីកម្មវិធីកំណែទម្រង់របស់សាកលវិទ្យាល័យបាត់ដំបង។

នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីកម្មវិធីកំណែទម្រង់របស់សាកលវិទ្យាល័យបាត់ដំបង។ នៅក្នុងពិធីផ្សព្វផ្សាយនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោកអភិបាលបាល អភិបាលរង ក្រុង ស្រុក មន្រ្តីរាជការ សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលជាគណៈគ្រប់គ្រងវិទ្យាល័យនៅទូទាំងខេត្តបាត់ដំបង ប្រមាណជាង៣០០នាក់។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ក្នុងអំឡុងពេលដែលក្រសួងអប់រំកំពុងរៀបចំឱ្យមានចូលរៀនឡើងវិញ និងមានការប្រឡងឡើងវិញរបស់សិស្សមធ្យមសិក្សាទុតិយភូមិ ក្នុងខាងមុខនេះ ហើយនេះក៏ជាពេលវេលាមួយតាមរយៈគណៈកម្មការគ្រប់គ្រង់សាលកវិទ្យាល័យ ដើម្បីយកពេលវេលានេះ ធ្វើការសិក្សារៀបចំផែនការសកម្មភាព និងយុទ្ធយុទ្ធសាស្រ្តនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្អូនៗ ក្មួយៗ សិស្ស និស្សិត ឱ្យមកបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យទៅតាមរូបភាព និងមធ្យាបាយផ្សេងៗ តាមរយៈការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ថ្មីរបស់សាកលវិទ្យាល័យបាត់ដំបងនាពេលនេះ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងប្អូនៗ ក្មួយ ដែលមានវត្តមានទីនេះ បន្តជួយផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ថ្មីរបស់សាកលវិទ្យាល័យបាត់ដំបង ទៅដល់សិស្ស និស្សិត និងនៅតាមមូដ្ឋានឱ្យបានទូលំទូលាយ។ ឯកឧត្តម សង្ឃឹមនឹងជឿជាក់ថា ការដាក់ចេញនូវកំណែទម្រង់ថ្មីនេះ និងជួយរួមចំណែកតម្រង់ទិស និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសាកលវិទ្យាល័យបាត់ដំបងឱ្យកាន់តែប្រសើរឡើងផងដែរ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបងបានឡើងថ្លែងសុទ្ទរកថារបាយការណ៍ការងារកំណែទម្រង់៩ចំនុចរបស់សាកលវិទ្យាល័យបាត់ដំបងជូនគណៈអធិបតី និងអង្គពិធីទាំងមូល។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានផ្តាំផ្ញើរដល់អង្គពិធីទាំងអស់មេត្តាជួយផ្សព្វផ្សាយពីសាកលវិទ្យាល័យបាត់ដំបង និងគៀងគរសិស្សានុសិស្សអោយចូលសិក្សានៅសាកលវិទ្យាល័យបាត់ដំបង ដែលជាសាកលវិទ្យាល័យរបស់រដ្ឋតែមួយគត់ក្នុងខេត្ត​បាត់ដំបង។

ជាចុងបញ្ចប់ ឯកឧត្តម ស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង បានឡើងថ្លែងសុទ្ធរកថាបូកសរុបលទ្ធផលការងារកំណែទម្រង់ និងសំណេះសំណាលជាមួយ លោក-លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរ អង្គភាព លោកអភិបាល អភិបាលរង ក្រុង ស្រុក មន្រ្តីរាជការ សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលជាគណៈគ្រប់គ្រងវិទ្យាល័យនៅទូទាំងខេត្តបាត់ដំបង។

 

សូមជម្រាបជូនដែរថា ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបងនេះ ធ្វើឡើងក្នុងគោលបំណង ទី១.លើកឡើងអំពីគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងកម្មវិធីកំណែទម្រង់វិស័យអប់រំឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា និងទី២.លើកឡើងអំពីសាកលវិទ្យាល័យបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារដ្ឋដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ដើម្បីធានានូវនិរន្តរភាពនៃការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ តម្រូវការសង្គម និងប្រទេសជាតិ និងដើម្បីផ្សព្វផ្សាយពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ របស់សាកលវិទ្យាល័យបាត់ដំបងផងដែរ៕

 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ