ពិធីប្រកាសសមាសភាពគណៈកម្មការគ្រប់គ្រងថ្មី នៃសាកលវិទ្យាល័យបាត់ដំបង

On Saturday, August 29th, 2020 in Ceremony. No Comments

ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសសមាសភាព គណៈកម្មការគ្រប់គ្រងថ្មី នៃសាកលវិទ្យាល័យបាត់ដំបង។

គណៈកម្មការគ្រប់គ្រងថ្មី នៃសាកលវិទ្យាល័យបាត់ដំបងនេះ មានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក សមាជិការ ចំនួន១៧រូប ផ្សេងទៀត។ ថ្លែក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានលើកឡើងថា ជាក្ដីស្រមៃរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចចង់ឲ្យគ្រប់សាលាក្លាយជាសាលាភូមិន្ទភូមិភាគ ឬក៏ជាសាលាឧទ្ធណ៍ និងក្លាយជាមជ្ឍមណ្ឌលគរុកុសលភូមិភាគ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជាទំពាំងស្នងឬស្សី បានសិក្សាបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងអង្គពិធីពេលនេះ ក្នុងនាមប្រធានគណៈកម្មការ គ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង លោកសូមធ្វើការប្តេជ្ញាចិត្តដូចតទៅ៖

* ១៖ រួមគ្នាពិនិត្យលើយន្តការដឹកនាំ គ្រប់គ្រងបច្ចុប្បន្ន
* ២៖ ប្រមូលយកធាតុចូលសំខាន់ៗពីតួអង្គពាក់ព័ន្ធមួយចំនួន
* ៣៖ ពិនិត្យ និងកែសម្រួលការងារដឹកនាំ គ្រប់គ្រង តាមស្ថានភាពជាក់ស្តែង
* ៤៖ រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម
* ៥៖ រៀបចំយន្តការដឹកនាំ គ្រប់គ្រង ការទទួលខុសត្រូវ និងមានតម្លាភាព
* ៦៖ ពិនិត្យតាមដាន និងវាយតម្លៃ នៅចុងខែនីមួយៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានលើកឡើងពីការសម្រេចរបស់ក្រសួងអប់រំ ដោយចាប់ផ្តើមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈឆ្នាំសិក្សាថ្មី២០២០-២០២១ សម្រេចចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លើសពីនោះទៀត ឯកឧត្តម ស សុខា ក៏បានបង្ហាញពីគម្រោងបង្កើតបណ្ណាល័យ និងអាងហែលទឹក ដែលធំជាងគេក្នុងប្រទេសកម្ពុជាផងដែរ។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

ជាមួយគ្នានេះ លោក ស សុខា បានណែនាំដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបាត់ដំបង នូវការងារចំនួនដូចជា តាមដាន និងគ្រប់គ្រងឯកសារឲ្យបានល្អ, ចំពោះការងារហិរញ្ញវត្ថុ ត្រូវអនវុតន៍ឲ្យបានល្អ កុំឲ្យចាយវាយខុសខ្ទង់, ត្រូវសិស្សាលើតំលៃទីផ្សារលើសិស្ស ផ្តល់អាហារូបករណ៍ លើលក្ខន្តិកច្បាស់លាស់ ដើម្បីតាមតម្រូវការក្នុងស្រុក និងក្រៅប្រទេស និងត្រូវរកចំណុចខ្លាំង ខ្សោយ ចំណុចឱកាស និងចំណុចគំរាមកំហែង ដើម្បីរៀបចំដឹកនាំឲ្យបានល្អ៕

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ